ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អះអាងថា ថៃដាក់បង្ហាញគ្រាប់មីន PMN-2 ដោយចោទកងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះជាគ្រាប់មីនមិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ ជាក់ស្ដែងគឺជាគ្រាប់មីនថ្មីទាំងអស់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន«កម្ពុជាស្រឡាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅថ្ងៃទី១៨ ខែសីហា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានគូសញ្ជាក់ថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញឱ្យគណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចម្ការមីននោះទេ។ ឯកឧត្តម បានបញ្ជាក់ទៀតថា គ្រាប់មីនបើសិននៅជាប់គន្លឹះដូចនេះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ ដែលនេះគឺនៅក្នុងលក្ខណៈបច្ចេកទេសបានបញ្ជាក់ច្បាស់ណាស់។
«ខ្ញុំសូមបញ្ជាក់ពីលក្ខណៈបច្ចេកទេសខ្លះៗពាក់ព័ន្ធការផ្ទុះមីននៅតំបន់ព្រំដែនដែលភាគីថៃធ្វើការគឺចោទប្រកាន់មកលើកម្ពុជា .»។
ឯកឧត្តម ហេង រតនា បន្ថែមថា គ្រាប់មីនប្រភេទ PMN2 នេះ គឺផលិតនៅទសវត្សរ៍ ឆ្នាំ១៩៧០ ហើយប្រភេទគ្រាប់មីននេះ ធ្លាប់បាននាំចូលក្នុងប្រទេសកម្ពុជា នៅទសវត្សរ៍ឆ្នាំ ១៩៨០ ហើយក្រោយពីប្រទេសកម្ពុជា ទទួលបានសន្តិភាពមក ក៏បានកម្ទេចចេញពីក្នុងស្តុកអស់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយក៏មានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ផងដែរ៕ វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា









