គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមប្រឹក្សាខេត្តសៀមរាប បន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅទី៤ ស្រុកអង្គរជុំ ដើម្បីប្រមូលក្ដីកង្វល់ និងដោះស្រាយជូនប្រជាពលរដ្ឋ

ថ្ងៃ 11/04/2026 | ម៉ោង 08:15:00

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅទី៤ ស្រុកអង្គរជុំ នៅបរិវេណវត្ដឥន្ទរង្សីពោធិ៍ញាណ ដើម្បីប្រមូលក្ដីកង្វល់ និងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សា និងដោះស្រាយ ក្នុងន័យជំរុញការការអភិវឌ្ឍ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា វេទិកានាពេលនេះក្រុមការងារបានទទួលក្ដីកង្វល់របស់ប្រជាពលរដ្ឋ ពីការស្នើសុំសាងសង់ ជួសជុល និងកែលម្អផ្លូវថ្នល់ ស្ពាន និងប្រឡាយទឹកក្នុងមូលដ្ឋាន, បញ្ហាវិស័យអប់រំ តម្រូវការសាងសង់ និងកែលម្អសាលារៀន និងសាលាមតេ្តយ្យ ព្រមទាំងសំណើសុំផ្គត់ផ្គង់កុំព្យូទ័រ ដើម្បីគាំទ្រដល់ការសិក្សា, បញ្ហាប្រឈមពាក់ព័ន្ធនឹងការឆបោកនៅកន្លែងការងារ ដែលជាក្ដីបារម្ភមួយសម្រាប់ប្រជាពលរដ្ឋ និងអ្នកស្វែងរកការងារ។ ជុំវិញក្ដីកង្វល់ទាំងអស់ ត្រូវបានមន្ត្រីជំនាញបកស្រាយជូនភ្លាម ចំណែកបញ្ហាដែលមិនទាន់ដោះស្រាយអ្នកពាក់ព័ន្ធនឹងពន្លឿនក្នុងការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីរអង្គភាពទាំងអស់ ដែលទទួលបានបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ក្រោមពីស្ដាប់បញ្ហាប្រឈម ហើយត្រូវអនុវត្ត និងដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីបង្កើនជំនឿទុកចិត្ដដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តការងាររបស់យើងដែលជាមន្ត្រីបម្រើរាស្រ្ត និងក្ដាប់ឱ្យបាននូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក៏បានជំរុញដល់គណៈបញ្ជាការស្រុក បន្តអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ជាពិសេសបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿង កុំឱ្យមាននៅមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប បានបង្ហាញថា រយៈពេល ៩ខែ ឆ្នាំ២០២៦នេះ វិស័យនានាក្នុងខេត្តបានកំពុងអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន ការសាងសង់ និងកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត និងការពង្រីកបណ្ដាញអគ្គិសនី ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាស្ពានចម្លងដ៏សំខាន់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ក្នុងការបើកទូលាយឱ្យមានការសន្ទនា និងផ្លាស់ប្ដូរយោបល់ដោយផ្ទាល់។ យន្តការនេះមិនត្រឹមតែជួយឱ្យអាជ្ញាធរទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាបានចំគោលដៅ និងទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្រួមគម្លាតរវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវា ធានាបាននូវការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព សមធម៌ និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕

អត្ថបទ៖ លោក ឆាន ញ៉ា
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ