គេហទំព័រ ខ្មែរថប់ញូស

Language

មន្ត្រីជាន់ខ្ពស់ទីស្ដីការគណរដ្ឋមន្ត្រី ចាត់ទុកការវិនិយោគលើវិស័យអប់រំ និងការក៍សាងមូលធនមនុស្ស ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ

ថ្ងៃ 10/26/2026 | ម៉ោង 08:30:00

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) សាខាខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការវិនិយោគលើវិស័យអប់រំ និងកសាងមូលធនមនុស្ស ត្រូវបានចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែប្រសើរឡើង។

ឯឯកឧត្តមបណ្ឌិត មានប្រសាសន៍ទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃសន្ដិភាព រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះការអភិវឌ្ឍន៍ធនធានមនុស្សនៅតែជាអាទិភាពទី១ ដោយផ្ដោតទៅលើកិច្ចការងារស្នូលរួមមាន ការពង្រឹងគុណភាពវិស័យអប់រំ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងប្រព័ន្ធគាំពារសង្គម ការពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ពិធីប្រគល់សញ្ញាបត្រនាពេលនេះ គឺជាការបិទបញ្ចប់នូវទំព័រសិក្សាមួយជំពូក ប៉ុន្តែវាជាការបើកទ្វារទៅកាន់ជំពូកថ្មីដ៏ធំទូលាយរបស់ប្អូនៗនិស្សិត។ ដើម្បីជាត្រីវិស័យក្នុងដំណើរជីវិត និងអាជីពការងារ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិតជ័យលាភី ប្រកាន់ខ្ជាប់នូវគោលការណ៍បីចំណុចរួមមាន ត្រូវបន្តរៀនសូត្រពេញមួយជីវិត និងក្លាហានចាប់ផ្ដើមការងារ ចូលរួមកិច្ចការងារសង្គម ការពារនូវមរតកវប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់របស់ខ្មែរ និងធ្វើជាគំរូល្អដល់អ្នកអ្នកជំនាន់ក្រោយ។

លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ មានប្រសាសន៍ថា សាលាបាននឹងកំពុងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើសកម្មភាពស្រាវជ្រាវ និងបណ្ដុះបណ្ដាលជាមួយគ្រឹះស្ថានអប់រំជាតិ និងអន្តរជាតិជាច្រើន ដើម្បីធ្វើការបណ្ដុះបណ្ដាលដល់និស្សិតឱ្យមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារនាពេលអនាគត និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាល។ ជាពិសេសបញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតទៅលើការអនុវត្តមូលធនមនុស្សជាលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធនដោយសង្កត់ធ្ងន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈចំនួននិស្សិតជ័យលាភីដែលបានបញ្ចក់ការសិក្សានាពេលនេះដែរមានចំនួន ៣ ៨០០នាក់៕

អត្ថបទ៖ លោក អោត រត់
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ