កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដោយបានលើកយករបៀបវារៈចំនួន២ មកពិនិត្យពិភាក្សា ពាក់ព័ន្ធនឹងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ និងបទបង្ហាញរបស់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងរកចំណុចខ្វះខាតដែលបានអនុវត្តកន្លងមកយកមកកែលម្អ និងដាក់ឱ្យអនុវត្តឆ្នាំ២០២៦នេះ ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
មានប្រសាសន៍ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំឯកសារសម្រាប់វេទិកាផ្សព្វផ្សាយបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់បន្ថែមលើការរៀបចំទីតាំង បរិស្ថាន អនាម័យ និងប្រព័ន្ធសំឡេង ឱ្យដំណើរការទៅដោយរលូន ចៀសវាងមានការរអាក់រអួលដោយប្រការណាមួយ។ ដោយឡែកចំពោះឯកសារបទបង្ហាញ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យក្រុមការងារធ្វើការកែតម្រូវចំណុចមួយចំនួនបន្ថែមទៀត ដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ដែលឯកឧត្តម លោកជំទាវ បានចុះពិនិត្យផ្ទាល់នៅមូលដ្ឋាន។
ជាការឆ្លើយតប លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ចំណុចខ្វះខាតដែលក្រុមប្រឹក្សាខេត្តបានចង្អុលបង្ហាញនេះ គឺជាធាតុចូលដ៏មានតម្លៃសម្រាប់ក្រុមការងារយកទៅកែលម្អបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមមតិយោបល់យ៉ាងផុលផុស ដើម្បីរួមគ្នារកដំណោះស្រាយ និងអនុវត្តការងារឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ៕
អត្ថបទ៖ លោក អ៊ុន ណារាជ្យ











