ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS), អង្គការអាដ្រាកម្ពុជា (ADRA) និងរដ្ឋបាលស្រុកជាំក្សាន្ត បានរួមគ្នារៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុ នៃក្មេងជំទង់ប្រុស/ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាកម្មសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ព្រមទាំងការរំលោភបំពានលើយេនឌ័រ នៅមជ្ឈមណ្ឌលសេវាកម្ម មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល និងសាលាឃុំ ក្រោមគម្រោងយើងរួមគ្នា។
ពិធីនេះបានប្រព្រឹត្តទៅសាលប្រជុំសាលាស្រុកជាំក្សាន្ដ ក្រោមអធិបតីភាព លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ, លោកស្រី វ៉ន រតនា អភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ត និងលោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា ដោយមានការចូលរួមពីលោកស្រី ជុំ ច័ន្ទពុទ្ធាវី នាយិកាអង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS) តំណាងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំទាំង៥ (ឃុំជាំក្សាន្ត ទឹកក្រហម រំដោះស្រែ ស្រអែម និងកន្ទួត) កងកម្លាំងនគរបាល លោកគ្រូ-អ្នកគ្រូ អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងតំណាងយុវជន សរុបចំនួន ១០១នាក់ ស្រី ៥២នាក់។
យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីកៀរគរការគាំទ្រមតិ អនុសាសន៍ និងដំណោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធក្នុងការលើកកម្ពស់ការយល់ដឹងរបស់យុវវ័យលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ព្រមទាំងរួមគ្នាទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការរំលោភបំពានលើយេនឌ័រក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
១៩ តុលា ២០២៦











