គេហទំព័រ ខ្មែរថប់ញូស

Language

អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ណែនាំដល់ក្រុមការងារយុវជនគណបក្សខេត្តសៀមរាប ក្ដាប់ឱ្យបានច្បាស់ពីសភាពការណ៍ និងតម្រូវការមូលដ្ឋាន ដើម្បីត្រៀមការបោះឆ្នោតខាងមុខ

ថ្ងៃ 10/15/2026 | ម៉ោង 06:15:00

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២۶ ឯកឧត្តម គុជ លីណា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ និងត្រួតពិនិត្យបញ្ជីឈ្មោះសមាជិក សមាជិកា តាមបណ្តាឃុំ-សង្កាត់ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គុជ លីណា បានដាក់ចេញនូវចំណុចសំខាន់ៗចំនួនបីដើម្បីជាទិសដៅអនុវត្ត រួមមានការក្ដាប់សភាពការណ៍មូលដ្ឋាន ដោយបានជំរុញ និងណែនាំដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្ដាប់ឱ្យបានច្បាស់លាស់រាល់សភាពការណ៍ ក៏ដូចជាតម្រូវការចាំបាច់ជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីអាចឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម បានណែនាំឱ្យបេក្ខភាពឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវចូលរួមបង្ហាញពីសក្ដានុភាព ការតាំងចិត្ត និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនទ្វេដង។

ឯកឧត្តមអនុប្រធាន ក៏បានជំរុញដល់ក្រុមការងារតាមបណ្ដាក្រុង-ស្រុក បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបញ្ជីអង្គបោះឆ្នោតតាមឃុំ-សង្កាត់នីមួយៗ ដោយធានាថា សេចក្តីសម្រេចរបស់ក្រុមការងារយុវជន និងសាខាបក្សភូមិ មានភាពស៊ីសង្វាក់គ្នា និងងាយស្រួលក្នុងការផ្ទៀងផ្ទាត់ត្រួតពិនិត្យ។

សូមជម្រាបថា កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្នុងការធានាបាននូវការរៀបចំរចនាសម្ព័ន្ធ និងបញ្ជីឈ្មោះសមាជិកឱ្យបានត្រឹមត្រូវ រួចរាល់ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការបោះឆ្នោតខាងមុខនេះ៕

អត្ថបទ៖ លោក ទុំ សាមុត
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ