នៅវេលាម៉ោង ២១:៥០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ចំណុចគោលដៅឈរជើងម្តុំសួនរ៉ោករ៉ាក ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសៀមរាបចំនួន ០៩នាក់ ប្រើប្រាស់ម៉ូតូចំនួន ០៥គ្រឿង បានចេញល្បាតក្នុងភូមិសាស្ត្រក្រុងសៀមរាប។ ពេលទៅដល់ចំណុចគោលដៅខាងលើ កម្លាំងបានប្រទះឃើញក្រុមយុវជនមួយក្រុមមានគ្នាចំនួន ០៧នាក់ ក្នុងនោះមានស្រី ០២នាក់ ប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿង ជិះហែរហមគ្នាតាមបណ្តោយផ្លូវមាត់ស្ទឹងត្រើយខាងកើត។
ក្នុងពេលនោះ ម៉ូតូចំនួន ០១គ្រឿង ដែលជិះគ្នា ០២នាក់ ក្នុងចំណោមក្រុមខាងលើ បានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យក្នុងតំបន់។ កម្លាំងកងអន្តរាគមន៍ បានចេញអន្តរាគមន៍ដេញឃាត់ភ្លាមៗ ប៉ុន្តែក្រុមខាងលើមិនព្រមឈប់ឡើយ។ បន្ទាប់មក ម៉ូតូដែលធ្វើសកម្មភាពបង្ហោះនោះបានបើកបុកសំដៅលើកម្លាំងកងអន្តរាគមន៍ ក្នុងគោលបំណងរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងអន្តរាគមន៍ឃាត់បានភ្លាមៗ បានឃាត់ខ្លួនក្រុមយុវជនបានចំនួន ០៧នាក់ ក្នុងនោះមានស្រី ០២នាក់។ ម៉ូតូដែលពាក់ព័ន្ធមានចំនួន ០៣គ្រឿងនាំក្រុមយុវជនខាងលើ ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន ទៅកាន់ទីបញ្ជាការ ប្រគល់ជូនការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមប្អូនៗចងចាំថា៖ យុវជនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ! សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពចរាចរណ៍ ដើម្បីកសាងសង្គមមួយដែលមានសុវត្ថិភាព សុខសាន្ត និងការគោរពគ្នាទៅវិញទៅមក។
តាមវិធានការរដ្ឋបាល ម៉ូតូទាំង ០៣គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។











