ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរធំ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចែកសៀវភៅស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងធ្វើការបិទចំណាំងផ្លាត ដល់គោយន្តជាច្រើនគ្រឿង។
ក្នុងឱកាសនោះ លោក លី សារី បានជំរុញ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអង្គរធំទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលណាកើតឡើង នូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ របួស បាត់បង់អវយវៈ រហូតដល់គ្រោះថ្នាក់ធ្ងន់ធ្ងរ អាចឈានដល់បាត់បង់អាយុជីវិតក៏មាន។ ដូច្នេះមុននឹងចេញដំណើរត្រូវត្រួតពិនិត្យយានយន្ត ទោចក្រយានរបស់យើងឱ្យបានត្រឹមត្រូវ និងជាពិសេសគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
លោកបានរំលឹកថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ កាលណាខេត្តយើងគ្មានគ្រោះថ្នាក់ចរាចរណ៍ ភ្ញៀវទេសចរនឹង មកទស្សនាខេត្តយើង បានកាន់តែច្រើនបន្ថែមទៀត។ ដូច្នេះការចូលរួមគោរពច្បាប់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តផងដែរ។
លោកអភិបាលរងខេត្តបន្តថា បន្ទាប់ពីមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក សូមប្រជាពលរដ្ឋយកទៅបន្តផ្សព្វផ្សាយដល់អ្នកដែលមិនទាន់បានយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យពួកគាត់ងាកមកគោរពច្បាប់ឬចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតយើងពីគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលចរាចរណ៍ ដែលបានបន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដូចភ្លៀងរលឹម ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីធានាបានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើង៕
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ











