ថ្លែងក្នុងវេទិកាថ្នាក់តំបន់អាស៊ានស្ដីពីការពង្រឹងការបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យ ឆ្ពោះទៅកាន់ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់យ៉ាងមុតមាំថា ការសម្រេចបាននូវសមភាពយេនឌ័រ និងការពង្រឹងអំណាចដល់ស្ត្រីនិងក្មេងស្រី គឺជាត្រីវិស័យដ៏សំខាន់មិនអាចខ្វះបានសម្រាប់កសាងសហគមន៍អាស៊ានមួយដែលមានភាពធន់ ចម្រើនលូតលាស់ និងបរិយាប័ន្ន។
លោកជំទាវ អ៊ឹង កន្ថាផាវី បានលើកឡើងថា រយៈពេលកន្លងមក អាស៊ានបានបោះជំហានយ៉ាងរឹងមាំ ក្នុងការកសាងសហគមន៍របស់ខ្លួន តាមរយៈការអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ៗ ដូចជាសេចក្ដីថ្លែងការណ៍អាស៊ានឆ្នាំ២០១៧ ស្តីពីការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្របខ័ណ្ឌយុទ្ធសាស្ត្រវិស័យយេនឌ័រ (AGMSF) នៅឆ្នាំ២០២១ ជាដើម។ ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ អាស៊ានកំពុងបន្តបោះជំហានទៅមុខជាមួយអាស៊ានឆ្នាំ២០៤៥ ដែលយកប្រជាពលរដ្ឋជាស្នូល និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។
លោកជំទាវមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងយន្តការអន្តរក្រសួងនានា កម្ពុជាបានដាក់បញ្ចូលយេនឌ័រជាកោសិកាគន្លឹះក្នុងគោលនយោបាយជាតិ ជាពិសេសក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលកំណត់យកស្ត្រីជាស្នូលក្នុងការកសាងសង្គមប្រកបដោយអរិយធម៌ សីលធម៌ និងបរិយាប័ន្ន ព្រមទាំងការអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រផងដែរ។
លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបញ្ជ្រាបយេនឌ័រត្រូវតែធ្វើឡើងយ៉ាងសកម្ម និងឆ្លើយតបទៅនឹងបរិបទសកលថ្មីៗ រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្ដូរឌីជីថល ថាមពលការងារ និងភាពធន់នឹងអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ និងសន្តិភាព សន្តិសុខ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ តាមរយៈវេទិការយៈពេល២ថ្ងៃនេះ លោកជំទាវរំពឹងទុកយ៉ាងមុតមាំថា នឹងបន្តបង្កើតជាអនុសាសន៍ និងចំណងដៃថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងតំបន់អាស៊ាន ព្រមទាំងធានាថាផលប្រយោជន៍ និងការអភិវឌ្ឍពិតជាបានហូរផ្ទាល់ដល់ប្រជាពលរដ្ឋគ្រប់រូបដោយសមធម៌។
ឯកឧត្តម សាន់ ល្វីន (San Lwin) អគ្គលេខាធិការរងអាស៊ានសម្រាប់សសរស្ដម្ភសង្គម-វប្បធម៌ បានបង្ហាញថា វេទិកានាពេលនេះ គឺជារបៀបវារៈដ៏សំខាន់ក្នុងការផ្លាស់ប្ដូរយោបល់ បទពិសោធន៍ និងការកំណត់អនុសាសន៍ជាក់ស្ដែង ដើម្បីជំរុញ និងពង្រឹងការអនុវត្តការងារក្នុងតំបន់អាស៊ាន។ ការបញ្ជ្រាបយេនឌ័រ បានផ្ដល់តម្លៃយ៉ាងខ្លាំងដល់ការពង្រឹង និងការដាក់បញ្ចូលបញ្ហាប្រឈម ក៏ដូចជាទស្សនវិស័យយេនឌ័រទៅក្នុងគ្រប់វិស័យ និងរាល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍។ ការលើកកម្ពស់កិច្ចសហការអន្តរវិស័យ និងអន្តរសសរស្តម្ភ ឱ្យកាន់តែស៊ីជម្រៅ គឺជារឿងសំខាន់ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងការសម្រេចបាននូវគោលដៅរួមរបស់សហគមន៍អាស៊ាន។ អ្វីដែលយើងមិនអាចខ្វះបាន គឺការជំរុញការអនុវត្តកម្មវិធី និងក្របខ័ណ្ឌការងារនានា ឱ្យស្របទៅនឹងតម្រូវការ និងបរិបទជាក់ស្ដែងនៃប្រទេសសមាជិកអាស៊ាននីមួយៗ៕
អត្ថបទ៖ លោក អ៊ុន ណារាជ្យ











