គេហទំព័រ ខ្មែរថប់ញូស

Language

កិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត ដើម្បីធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងទិសដៅបន្ត

ថ្ងៃ 09/30/2025 | ម៉ោង 09:00:00

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត ដើម្បីធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងទិសដៅបន្ត ដឹកនាំកិច្ចប្រជុំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកទូទាំងខេត្តសៀមរាប។

លោកស្រី ម៉ននី រង្សី បានលើកឡើងថា កន្លងទៅ ក៏ដូចជាបច្ចុប្បន្នក្រុមការងារកិច្ចការពារកុមារ ក្នុងខេត្តសៀមរាប មានការមមាញឹកខ្លាំងក្នុងការជួយដល់កុមារដែលជាមុខសញ្ញាប្រឈម កុមារងាយរងគ្រោះ ដែលសំដៅធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាននូវសិទ្ធិពេញលេញដូចកុមារដទៃទៀតដែរ។ ប៉ុន្តែនៅក្នុងរយៈពេលនៃការឈ្លានពានរបស់ក្រុមទាហានថៃ ក្រុមការងាររបស់ខេត្តសៀមរាប ក៏ទទួលបានការងារបន្ថែមទៀតក្នុងការទទួលជនភៀសសឹក ក្នុងនោះក៏មានកុមារផងដែរ។

លោកស្រីបន្តថា ក្រុមការងារទាំងថ្នាក់ខេត្ត ទាំងថ្នាក់មូលដ្ឋាន សុទ្ធតែបានខិតខំបំពេញការងារ ហើយក្រុមនេះក៏រវល់ជាងបណ្តាខេត្តផ្សេងៗដែរ ព្រោះថាជាខេត្តទេសចរណ៍ គឺត្រូវប្រុងប្រយ័ត្នគ្រប់ពេលជាពិសេសបទល្មើសជួញដូរកុមារ។ ស្របពេលដែលយើងកំពុងមមាញឹក ការឈ្លានពានពីសំណាក់ទាហានថៃមកលើកបូរណភាពទឹកដីកម្ពុជា បានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ជម្លោះ មកតាំងទីលំនៅនៅទីសុវត្ថិភាព ក្នុងនោះខេត្តសៀមរាប ក៏ជាកន្លែងទទួលបងប្អូនជនភៀសសឹកដ៏ធំមួយដែរ។ លោកស្រីបញ្ជាក់ថា បងប្អូនជនភៀសសឹកគាត់មក កូនៗគាត់តូចៗក៏មកតាមដែរ! គាត់ខានរៀន កន្លែងស្នាក់នៅក៏ពិបាកដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។
រូបភាពនិងអត្ថបទដោយ:រដ្ឋបាលខេត្តសៀមរាប។ ktnpost