ខេត្តមណ្ឌលគិរី ៖អភិបាលខេត្តមណ្ឌលគិរី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ គុណសម្បត្តិ និង ស្នាដៃ ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់ ការពុះពារ និងយកជីវិតជាដើមទុន ដើម្បីការពារជាតិ មាតុភូមិ អធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងកាលៈទេសៈដ៏លំបាកបំផុតនាអតីតកាល ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីរសៀលថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើរសាកសួរសុខទុក្ខ ក្តីនឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេរ តែគិតគូរពីបងប្អូនអតីតយុទ្ឋជនគ្រប់ពេលវេលា ជាពិសេសនាឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។
ឯកឧត្តមបន្តថា បងប្អូនអតីតយុទ្ឋជនពួកគាត់គឺ ជាឆ្អឹងខ្នងដ៏រឹងមាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងការពារប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ ការលះបង់របស់អតីតយុទ្ធជន មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃ និងជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ ។
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរីបន្តថា ដោយសភាពការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានជួបប្រទះការឈ្លានពានពីកងទ័ពសៀម បង្ក ឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាក ក្នុងជីវភាពត្រូវភៀសសឹកទៅកន្លែងសុវត្ថិភាព ។ ចំណែកកងទ័ពរបស់យើងត្រូវប្រុងប្រៀបស្មារតី ការពារដែនបូរណភាពទឹកដីគ្មានពេលសម្រាក ដែលនេះសបញ្ជាក់ពីការខិតខំប្រឹងប្រែង តាំងពីថ្នាក់ដឹកនាំកំពូល ត្រូវដោះស្រាយទាំងផ្នែកការទូត ទាំងសមរភូមិមុខ និងសមរភូមិក្រោយ មានសាមគ្គីភាពជាធ្លុះមួយយ៉ាងអង់អាច ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង កុំជឿតាមការញុះញ៉ង់ពីជនអគតិ។
ដើម្បីជាការលើកទឹកចិត្ត ថ្នាក់ដឹកខេត្តមណ្ឌលគិរី បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់បងប្អូនអតីតយុទ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណាលសំណាល ។ ហើយឯកឧត្តមអភិបាលខេត្ត បានសំនូមពរដល់ មន្ទីរអង្គភាពពាក់ព័ន្ឋនានា អាជ្ញាធរក្រុង-ស្រុក និងបណ្តាសប្បុរជន សូមបន្តជួយឧបត្ថម្ភគាំទ្រដល់ អតីតយុទ្ឋជនដែលជីវភាពខ្វះខាត ទាំងសម្ភារៈ និងថវិកា ទៅតាមលទ្ឋភាព ដើម្បីជាការដឹងគុណដល់វីរៈភាពរបស់ពួកគាត់។
ក្នុងពិធីនេះ ក៏មានការប្រកាសទទួលស្គាល់សមាសភាព គណៈកម្មាធិការ និង គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ផងដែរ។ ដោយលោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានតែងតាំងជា ប្រធានរបស់សមាគម ។ ការបង្កើតសមាគមនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ការពារ និងលើកតម្កើងសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន រួមទាំងការជួយឧបត្ថម្ភ និងផ្តល់សេវាផ្សេងៗ ជូនដល់ពួកគាត់ផងដែរ៕











