សៀមរាប ៖ នៅរសៀលថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនផងដែរ ។
ជាមួយគ្នានេះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការ និងកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពល្អបន្ថែមទៀត ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏មានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ក្នុងភូមិសាស្ត្រក្រុង ពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារ ធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន យកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង ,គ្រឿងញៀន,ល្បែងស៊ីសង,គ្រោះថ្នាក់ចរាចរណ៍, ពិសេសបទល្មើស Scam Online និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានឡើង ក៏ដូចជា បន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន និងសូមជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕




