ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលបានរងរបួសក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
សកម្មភាពចុះសួរសុខទុក្ខនាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅលើសុខុមាលភាព និងការលះបង់របស់កងទ័ព។ អំណោយដែលបាននាំយកទៅជូនវីរកងទ័ព គឺជាកាយវិការនៃការដឹងគុណ និងលើកទឹកចិត្តដល់កងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។











