គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ

ថ្ងៃ 09/11/2025 | ម៉ោង 01:45:00

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩។ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រតិភូអមដំណើរ លោក-លោកស្រីស្នងការរង អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឱ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងកងអន្តរាគមន៍ពិសេសផងដែរ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាព នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥ រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក។

ក្នុងនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍លើកសរសើរ និងវាយតំលៃខ្ពស់នូវលទ្ធផងកិច្ចប្រតិបត្តិការដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី នឹងទទួលស្គាល់អំពីសកម្មភាពការងារ ទាំងថ្នាក់ដឹកនាំរហូតដល់មន្រ្តីក្រោមឱវាទ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ការពារសន្តិសុខ សុវត្ថិភាពសង្គម។ បន្ថែមលើនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ បានពន្យល់ផ្សព្វផ្សាយច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ” ដើម្បីឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់យល់ដឹង នឹងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងមហាជនទូទៅ ជាពិសេសយកមកអនុវត្តក្នុងជីវភាពរស់នៅឱ្យបានត្រឹមត្រូវ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប