មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែរបស់កសិករ Wang lei lei (ជនជាតិចិន) និងជួបសំណេះសំណាល សួរសុខទុក្ខ ជំរុញលើកទឹកចិត្តកសិករដាំបន្លែ នៅខេត្តមណ្ឌលគិរី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែរបស់កសិករ Wang lei lei (ជនជាតិចិន) លើផ្ទៃដីចំនួន ១០ហិកតា ក្នុងនោះដាំដុះក្នុងផ្ទះសំណាញ់ចំនួន ៤០ខ្នង ក្រៅពីនេះ ដាំដុះនៅទីវាលដែលមានប្រភេទបន្លែដូចជា តាសក់វែង ម្ទេសវែង ត្រប់ សណ្ដែកកួរ ល្ពៅ (សុទ្ធសឹងតែពូជដែលមានតម្លៃខ្ពស់) និងដំណាំរួមផ្សំផ្សេងទៀត ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។ សមត្ថភាពផលិតកម្មនាពេលបច្ចុប្បន្ន អាចបាន ២តោនបន្លែចម្រុះ ក្នុងរយ:ពេល ៣ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ។ កសិដ្ឋានដាំដុះបន្លែរបស់កសិករ (ជនជាតិចិន) មានគម្រោងពង្រីក និងបង្កើនផលិតកម្មបន្លែចម្រុះឱ្យបានរហូត ២០តោន ក្នុង ១ថ្ងៃផងដែរ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានណែនាំដល់ម្ចាស់កសិដ្ឋានដាំដុះបន្លែ និងកសិករដទៃទៀត ត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវការថែរក្សាឱ្យបាននូវគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងសហការជាមួយមន្ទីរ ដើម្បីឈានទៅការទទួលបាននូវវិញ្ញាបនកម្មនៃការអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ឱ្យសមស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ឯកឧត្តម បានជំរុញដល់កសិករទាំងអស់ ត្រូវបង្កើនការដាំដុះដំណាំបន្លែឲ្យបានច្រើន ដូចជា៖ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងជ្វាជប៉ុន និងដំណាំបន្លែផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ថែមទាំងបង្កើតប្រាក់ចំណូល បង្កើនការងារ និងកាត់បន្ថយការនាំចូល និងបង្កើនកិច្ចសហការជាមួយអ្នកទិញ ឲ្យបានល្អប្រសើរ៕











