នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំសហការី នាំយកអំណោយដែលឧបត្ថម្ភពីក្រុមហ៊ុន ATOMY CAMBODIA ចែកជូនដល់បងប្អូនជាជនភៀសសឹកចំនួន ៣៦២ គ្រួសារ ដែលកំពុងស្នាក់ទៅទីទាំងសុវត្ថិភាពក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ឯកឧត្តម គុជ លីណា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកអ្នកណាម្នាក់ចោល»។
ឯកឧត្តម គុជ លីណា បានសម្តែងការសោកស្តាយចំពោះស្ថានភាពដែលបង្ខំឱ្យប្រជាពលរដ្ឋត្រូវចាកចេញពីលំនៅឋាន ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព និងចូលរួមសម្អាតបរិស្ថានជុំវិញទីកន្លែងស្នាក់នៅ។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានមើលថែរក្សាជនភៀសសឹកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
សូមជម្រាបថា អំណោយដែលបានចែកជូនដល់បងប្អូនជាជនភៀសសឹកទាំង ៣៦២គ្រួសារ រួមមាន៖ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ កន្សែង របស់ប្រើប្រាស់ប្រចាំថ្ងៃ វីតាមីន សារាយសមុទ្រ និងសម្ភារមួយចំនួនទៀត៕
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ
#ទូរទស្សន៍ជាតិខេត្តសៀមរាប











