សៀមរាប៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ខ្លួន ដើម្បីពិនិត្យលើលទ្ធផលនៃការដោះស្រាយសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋកាលពីឆ្នាំ២០២៤ និងពិភាក្សាលើឯកសារប្រើប្រាស់សម្រាប់វេទិកាផ្សព្វផ្សាយឆ្នាំ២០២៥។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានលើកឡើងពីវឌ្ឍនភាពការងារមួយចំនួន រួមមាន៖ វិស័យអគ្គិសនី, ការផ្តល់សេវាសាធារណៈ និងផលិតផលកសិកម្ម។
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់នូវអនុសាសន៍ និងនីតិវិធីល្អៗមួយចំនួនដែលជាគន្លឹះដ៏ល្អ ក្នុងការដោះស្រាយរាល់សំណួរ និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០២៤ នៅតាមគោលដៅទាំង ១៣ ក្រុង-ស្រុក។
ឯកឧត្តម លី សំរិទ្ធ ក៏បានជំរុញដល់លេខាធិការដ្ឋាន ត្រូវធ្វើការពិនិត្យឡើងវិញនូវរាល់សំណួរ និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង ពីទុក្ខកង្វល់ និងតម្រូវការរបស់ពួកគាត់នៅតាមមូលដ្ឋាន។ ត្រូវធ្វើបច្ចុប្បន្នភាពថា តើយើងបានដោះស្រាយជូនពួកគាត់បានប៉ុន្មាន និងនៅសល់ប៉ុន្មានដែលត្រូវដោះស្រាយបន្ត»។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា រាល់លទ្ធផលដែលក្រុមការងារបានធ្វើការដោះស្រាយហើយនោះ គឺជាប្រទីបដ៏សំខាន់ក្នុងការបកស្រាយបង្ហាញដល់ប្រជាពលរដ្ឋជាម្ចាស់សំណួរ នៅពេលបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៥ ខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លី សំរិទ្ធ ក៏បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក ធ្វើការត្រួតពិនិត្យជាបន្ទាន់អំពីសុខសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ អំពីសត្វពាហនៈ (គោ ក្របី) និងសត្វឆ្កែ ដែលត្រូវបានដោះលែងបែបអាណាធិបតេយ្យ។ បញ្ហានេះតែងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់មនុស្ស និងប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍របស់ខេត្ត។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារលេខាធិការដ្ឋាន និងលេខាធិការក្រុមប្រឹក្សាខេត្ត ត្រូវធ្វើកិច្ចសហការជាមួយក្រុង-ស្រុក និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តនូវរាល់ករណីដែលនៅសេសសល់ និងបន្តផ្តោតលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕
- ប្រភពមន្ទីព័ត៌មានខេត្តសៀមរាប
- អត្ថបទ និងរូបភាព÷ លោក មុី សុខារិទ្ធ
- កែសម្រួល÷ លោក អ៊ុន ណារាជ្យ










